(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករ បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ នឹងធ្វើឱ្យកម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ នាពេលខាងមុខ តាមរយៈការផ្តល់អត្រាអនុគ្រោះពន្ធ តាមគោលការណ៍ដែលបានចរចាគ្នា ក្នុងកិច្ចព្រមព្រៀងនីមួយៗ។

លោកបណ្ឌិត គុណ ញឹម ថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ​បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។

លោកបានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងចិន ​ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងកូរ៉េជាដើម បានធ្វើឱ្យការនាំចូលទំនិញពីប្រទេស ដែលជាដៃគូរកិច្ចព្រៀង ដែលវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ត្រឹមត្រូវ គឺកម្ពុជា ត្រូវតែអនុគ្រោះអត្រាពន្ធទៅអ្វីដែលបានចរចា។

លោកមានប្រសាសន៍ថា «ការនាំចូលមកកម្ពុជាក្រោមលក្ខខណ្ឌជា FTA ឬជា RCEP យើងត្រូវផ្តល់ការអនុគ្រោះពន្ធ មានន័យថា អត្រាពន្ធគយដែលបច្ចុប្បន្ននេះ មានអត្រា៣៥% អីចឹងការចរចាតាមបន្ទាត់ពន្ធមួយ គឺថាយើងត្រូវចរចាជាមួយគេ ហើយជាការពិតគេតម្រូវឱ្យយើងបន្ថយពី ៣៥% ធ្លាក់ចុះមក១៥% ឬ៧% ឬក៏មក០% អីចឹងហើយចំណុចនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណូល ដែលប្រមូលដោយគយ ដោយផ្ទាល់។» ​

លោកបន្តថា ករណីនេះបើមើលមួយជ្រុងកម្ពុជានឹងរងការខាតបង់ ពីការបាត់បង់ពន្ធគយ ប៉ុន្តែបើមើលពីជ្រុងមួយទៀត​ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬការនាំចេញ​ទំនិញរបស់​កម្ពុជាដែលធ្លាប់ចេញទៅ​ដោយបង់ពន្ធ ​នឹងទទួលបានការអនុគ្រោះដោយរួចពន្ធ ឬស្ថិតក្នុងអត្រាពន្ធទាប ដែលជំរុញដល់ការនាំចេញកាន់តែកើនឡើង។

លោកបន្ថែមថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជាអាចនឹង​ទទួលបានផលចំណេញតិចជាង ប្រទេសដៃគូកិច្ចព្រមព្រៀង តែយ៉ាងណាលោកជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគបានច្រើន ទៅលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ​ក្នុងការផលិតទំនិញនាំចេញទៅទីផ្សារ​អន្តរជាតិ ទាំងក្រោមក្រមខណ្ឌកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម និង​ការនាំចេញដោយទទួលបានការអនុគ្រោះពន្ធពី EBA ឬ GSP ជាដើម។

ទោះជាយ៉ាងនេះក្តី ក្នុងពេលដែលកម្ពុជា បាត់បង់ចំណូលពន្ធគយនេះ រដ្ឋាភិបាលអាចនឹងពិចារណា ក្នុងការកែសម្រួលអាករ ជាពិសេសអាករពិសេស ដើម្បីប៉ះប៉ូវនូវអ្វីដែលពន្ធគយបានបាត់បង់ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗនេះវិញផងដែរ៕