(ភ្នំពេញ)៖ ធនាគារស្ថាបនា សហការជាមួយកម្លាំងនគរបាល ឈានទៅចាប់ខ្លួនស្ត្រីមួយរូប បន្លំសុំលេខសម្ងាត់ (OTP) របស់អតិថិន និងចូលប្រើប្រាស់គណនីធនាគារ តាមរយៈ Mobile Banking ដើម្បីលួចដកប្រាក់។
សូមបញ្ជាក់ថា OTP គឺជាលេខសម្ងាត់ដែលត្រូវបានផ្ញើរទៅកាន់លេខទូរស័ព្ទរបស់អតិថិជន ក្នុងការធ្វើប្រតិបត្តិការគណនីធនាគារតាមរយៈ Mobile Banking។
យោងតាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនអំពីការបាត់បង់ទឹកប្រាក់នៅក្នុងគណនីហើយនោះ ធនាគារស្ថាបនា បានចាប់ផ្តើមនីតិវិធីស៊ើបអង្កេតជាបន្ទាន់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងកំពុងបន្តស្វែងរកអ្នកឃុបឃិតផ្សេងទៀត។
បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ ជនសង្ស័យ បានធ្វើសកម្មភាពបន្លំសុំលេខសម្ងាត់ OTP ហើយចូលទៅគ្រប់គ្រងគណនីអតិថិជនធនាគារស្ថាបនាកាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ។
ជាមួយការឃាត់ខ្លួនជនសង្ស័យ ធនាគារស្ថាបនា សូមអរគុណ និងស្ញើចសរសើរសម្រាប់ការយកចិត្តទុកដាក់ក្នុងការតាមដានស្រាវជ្រាវពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកយុត្តិធ៌មជូនអតិថិជនរបស់ធនាគារ។
ធនាគារ ស្ថាបនា បានក្រើនរំលឹកសារជាថ្មីជូនអតិថិជនឱ្យបានជ្រាបថា បច្ចុប្បន្ន មានការបោកប្រាស់ជាច្រើនរូបភាព ក្នុងការបន្លំខ្លួនជាសមាជិកគ្រួសារ បុគ្គលិកធនាគារ ឬការផ្តល់ជារង្វាន់ ដោយទាមទារអោយអតិថិជនផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬផ្តល់លេខសម្ងាត់(OTP) ដែលបានផ្ញើរទៅកាន់លេខទូរស័ព្ទរបស់អតិថិជន។ ការណ៍នេះបានធ្វើ ឱ្យអតិថិជនបាត់បង់ទឹកប្រាក់ពីក្នុងគណនីដោយមិនដឹងខ្លួន ដូចនេះសូមមានការប្រុង ប្រយ័តុ្ន និងចៀសវៀងការចែករំលែកព័ត៌មានសម្ងាត់ទាំងនោះ។
សូមបញ្ជាក់ថា ក្នុងករណីមានការសង្សយ័ណាមួយ អតិថិជនរបស់ធនាគារស្ថាបនា អាចសាកសួរនៅតាមបណ្តាសាខាធនាគារស្ថាបនាដែលនៅជិតលោកអ្នក (បច្ចុប្បន្នមានចំនួន ១៧០+ទូទាំងប្រទេស) ឬតាមរយៈលេខទូរស័ព្ទបម្រើសេវាអតិថិជន២៤/៧ ដែលមានលេខ (០២៣/០៨១) ៩៩៩ ០១០៕