(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ហុក សុទ្ធិ នាយកអង្គការ ស៊ី ប៉ា (Sipar) បានដឹកនាំគណៈកម្មការ រៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដើម្បីរាយការណ៍ជូនអំពីការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងសុំអនុសាសន៍ និងកិច្ចសហការពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក ហុក សុទ្ធិ បានជម្រាបជូនថា ពិព័រណ៍សៀវភៅកម្ពុជា ជាសកម្មភាពសង្គមវប្បធម៌ ដែលត្រូវបាន រៀបចំប្រចាំឆ្នាំនៅបណ្ណាល័យជាតិ ដោយគណកម្មការពិព័រណ៍សៀវភៅកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា សមាគមបណ្ណាល័យកម្ពុជា សមាគម អ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា អង្គការ និងស្ថាប័នដៃគូជាច្រើនទៀត។
ដោយសារវិបត្តិកូវីដ-១៩ ពិព័រណ៍នេះត្រូវបានផ្អាកក្នុងឆ្នាំ២០២០ និង២០២១។ ប៉ុន្តែដោយឆ្នាំនេះ សភាពការណ៍ណ៍កូវីដ-១៩បានធូរស្រាលច្រើន គណៈកម្មការបានសម្រេចបន្តរៀបចំពិព័រណ៍សៀវភៅ ឡើងវិញ ដែលគម្រោងរៀបចំជាស្តង់សៀវភៅចំនួន១៤០ ស្តង់ ហើយសង្ឃឹមថា នឹងមានអ្នកមានចូលរួមច្រើន ដូចកាលពីឆ្នាំ២០១៩ រយៈពេល៣ថ្ងៃ នៃការរៀបចំពិព័ណ៍ មានអ្នកចូលរួមប្រមាណ១៨ម៉ឺននាក់។
ប្រធានបទសម្រាប់ឆ្នាំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩នេះ គឺ «១ថ្ងៃអាន ១ថ្ងៃដឹង» ក្នុងគោលបំណងលើកស្ទួយការ និងការសរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្ម សៀវភៅ ដោយធ្វើយ៉ាងណាអោយអ្នកសរសេរ រោងបោះពុម្ពសៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅផងដែរ។
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រចំពោះដំណើរការរៀបចំ ពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ ជាថ្មីឡើងវិញ បន្ទាប់ពីខកខាន ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេល២ឆ្នាំមកនេះ។
តាមការគម្រោងរៀបចំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩នេះដែរ លោក ខៀវ កាញារីទ្ធ បានចូលរួមជាថវិកា ដល់ដំណើររៀបចំកម្មវិធីចំនួន២ពាន់ដុល្លារ ហើយក៏គ្រោងនាំយកនូវសៀវភៅរបស់ក្រសួងព័ត៌មាន មួយចំនួនដាក់តាំងក្នុងពិព័រណ៍នោះផងដែរ៕