(ភ្នំពេញ)៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណិរតនារាម ហៅវត្តទួលទំពូង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បាននាំអំណោយប្រគល់ជូនអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ចំនួន៥ទៀត ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រដ្ឋបាលសង្កាត់ទាំង៥ និងមន្ត្រីពាក់ព័ន្ធ។

ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានសង្ឃដីកាថា សង្កហទានទាំងនេះ បានមកពីពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលទើបកន្លងផុតទៅថ្មីៗនេះ ព្រោះថា ទេយ្យទាននេះ មិនអាចទុកយូបានទេ ដូច្នេះទើបព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ បានពិភាក្សាគ្នាថា យើងត្រូវតែចូលរួមចំណែកក្នុងការធ្វើសប្បុរសធម៌ដល់កាកបាទក្រហម ក្នុងមូលដ្ឋាន ដោយយល់ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក៏ដូចជាជួបផលលំបាកផ្សេងៗ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩។

ព្រះចៅអធិការ មានសង្ឃដីកាបន្តថា ទេយ្យទាននេះ ជាទឹកចិត្តដែលផុសឡើងពីសេចក្ដីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋ ដែលជួបផលលំបាក និងជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពីការលំបាកជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅដោយភាពកក់ក្ដៅ ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថាមិនឱ្យប្រជាពលរដ្ឋណាមួយដាច់ពោះ ដោយអត់អាហារនោះទេ។

លោក កៀង ល័ក្ស បាននាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ ចំពោះព្រះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែង ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកបានបន្តថា ជាការពិតណាស់ វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម​ គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ​ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខលំបាក​ ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់​ ដែលនេះជាវប្បធម៌ នៃការចែករំលែកល្អ ក្នុងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនខ្មែរយេីង​។

លោក កៀង ល័ក្ស បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត នូវទឹកព្រះទ័យករុណាទិគុណរបស់ ព្រះចៅអធិការវត្ត ដែលបានមានសន្ធារជ្រះថ្លា បានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្សធម៌ របស់អាជ្ញាធរខណ្ឌទាំងមូល។ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន លោក កផង ល័ក្ស សន្យាថា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឱ្យចំគោលដៅ និងដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម។

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ជាពិសេស វិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល។

សូមជម្រាបថា សង្ហកទានដែលប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមមាន៖ អង្ករ ១តោន, មី ៤០កេស, ទឹកក្រូច ២០កេស, ទឹកដោះគោ ៤០០កំប៉ុង, តែ៤០០កញ្ចប់, ស្ករស ៤០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស និងថវិកាចំនួន ៤,០០០,០០០រៀល ដែលគិតសរុបជាថវិកាចំនួន ១១,០៨០,០០០រៀល។

ដោយឡែកសង្ហកទាន ដែលប្រគល់ជូនរដ្ឋបាលសង្កាត់ចំនួន ៥ទៀត ដែលរួមមាន៖ សង្កាត់ទួលទំពូងទី១, សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក, សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទំនប់ទឹក នៃខណ្ឌបឹងកេងកង ដោយក្នុងមួយសង្កាត់ទទួលបាន អង្ករ ៥បេ, មី ១៥កេស, ទឹកក្រូច ៥កេស, ទឹកដោះគោ ១៥០កំប៉ុង, តែ ១៥០កញ្ចប់, ស្ករស ១៥០គីឡូក្រាម, ទឹកសុទ្ធ ៥កេស និងថវិកាចំនួន ២,០០០,០០០រៀល៕