(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» សម្រេចបានប្រមាណ៧០% នៃផែនការបោសសម្អាត លើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦គ្រាប់ មីនប្រឆាំងរថក្រោះ ១៥គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០គ្រាប់។
លោកបន្តទៀតថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ផងដែរ។
ការចុះពិនិត្យ និងសំណេះសំណាលនេះ អមដំណើរដោយ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្នាក់ដឹកនាំអាជ្ញាធរមីន លោក សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌល NPMEC តំណាងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៕