(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន ក្រុង។

ដោយឡែកចំពោះការមើលឈ្មោះ លេខតុ និងលេខបន្ទប់ បេក្ខជនអាចពិនិត្យមើលក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩៖០០នាទីព្រឹក នៅមណ្ឌលប្រឡងតែម្ដង។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា បេក្ខជនត្រូវអនុវត្តវិធានការសុខាភិបាលនាថ្ងៃប្រឡង រួមមាន ត្រូវពាក់ម៉ាសគ្រប់ពេល (លើកលែងតែពេលមន្ត្រីអនុរក្សស្នើរសុំឲ្យដោះម៉ាស) ត្រូវរក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនចូលក្នុងបរិវេណមណ្ឌលប្រឡង៕