(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ កម្មវិធីនេះពិតជាកិច្ចអន្តរាគមន៍យ៉ាងមានប្រសិទ្ធភាព ទាន់ពេលវេលា និងទទួលបានលទ្ធផល ជោគជ័យក្រៃលែង ដែលអាចជួយទ្រទ្រង់នូវជីវភាពរស់នៅប្រជាជនក្រីក្រ និងងាយគ្រោះបានយ៉ាងច្រើន។
លោក សំហេង បុរស បានលើកឡើងខណៈលោកបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Claire Conan នាយិកាអង្គការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិភាក្សាអំពីគម្រោងកិច្ចសហការប្រតិបត្តិរយៈពេល៥ឆ្នាំ (២០២៤-២០២៩) រវាងអង្គការស្បៀងអាហារពិភពលោក និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអនុគណៈកម្មាធិការជាតិជំនួយសង្គម។
លោកបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករកំពុងរៀបចំដាក់ឲ្យអនុវត្តនូវកម្មវិធីកញ្ជប់គ្រួសារ ដែលជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលមានរួមបញ្ជូលនូវកម្មវិធី ជាច្រើនដូចជា ការឧបត្ថម្ភដល់ កុមារ ចាស់ជរា ស្រី្តមានផ្ទៃពោះ ជនពិការ ជាដើម។
ក្នុងឱកាស នៃជំនួបពិភាក្សាការងារនោះ លោកស្រី Claire Conan ក៏បានជម្រាបអំពីវឌ្ឍនភាពការងាររបស់អង្គការស្បៀងអាហារពិភពលោក ដែលនាពេលបច្ចុប្បន្ននេះអង្គការកំពុងរៀបចំនូវផែនការយុទ្ធសាស្រ្តថ្មី សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយក្រុមការងាររបស់លោកស្រី បានជួប និងបន្តជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីទទួលបានធាតុចូល សំខាន់ៗក្នុងការប្រមូលចងក្រងជាផែនការយុទ្ធសាស្រ្ត ដែលអាចឆ្លុះបញ្ជាំងពីស្ថានភាពនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ លោក សំហេង បុរស បានស្នើសុំឲ្យអង្គការស្បៀងអាហារពិភពលោក ធ្វើការសិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពក្នុងការចូលរួមសហការគាំទ្រលើការងារមួយចំនួនដូចខាងក្រោម៖
*ទី១៖ ការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសក្នុងការប្រមូល គ្រប់គ្រង និងវិភាគទិន្នន័យ។
*ទី២៖ ប្រព័ន្ធនៃការគ្រប់គ្រងទិន្នន័យនៅមានលក្ខណៈដាច់ជាដុំៗ ដែលត្រូវធ្វើការប្រមូលផ្តុំឲ្យទៅជាទិន្នន័យរួមមួយដើម្បីជាភាពងាយស្រួលដល់ក្រសួង ស្ថាប័ន នានា ដែលចង់ប្រើប្រាស់ទិន្នន័យអាចយកទៅប្រើប្រាស់បាន។
*ទី៣៖ ការឆ្លើយតបនឹងគ្រោះអាសន្ន៖ បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមនៅលើសកលលោកនាពេលបច្ចុប្បន្ន ដែលបានធ្វើឲ្យកើតមានគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ជាដើម កម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។
លោក សំហេង បុរស ក៏បានស្នើឲ្យអង្គការស្បៀងអាហារពិភពលោក ដាក់បញ្ជូលការឆ្លើយតបគ្រោះអាសន្នចូលទៅក្នុងការផែនការយុទ្ធសាស្រ្ត ដើម្បីធានាបាននូវការគាំពារដល់ប្រជាពលរដ្ឋដែលរងគ្រោះ៕