(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ដគ្មានពន្ធ នៅទូទាំងប្រទេស បានចំនួនប្រមាណ៥១០គ្រឿង។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម ចូលរួមក្នុងសន្និសីទព័ត៌មាន បង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយ របស់រាជរដ្ឋាភិបាល ម្ចាស់ឲ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឲ្យកែចង្កូត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២២ គិតត្រឹម៩ខែនេះ គឺយើងបង្ក្រាបបាន រថយន្តប្រមាណជា៥១០គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេង ចំនួន៤៨២គ្រឿង និងរថយន្តចង្កូតស្ដាំចំនួន២៨គ្រឿង»។
ទន្ទឹមគ្នានេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា រថយន្តចង្កូតស្ដាំ ដែលនៅក្នុងយុទ្ធនាការ ឬដំណាក់កាល អនុញ្ញាតឲ្យចូលមកចុះបញ្ជីនោះ គឺមន្ត្រីអគ្គនាយកដ្ឋានគយ មានចេញក្រដាសមួយ ឲ្យម្ចាស់រថយន្ដដែលមកចុះបញ្ជីនោះ ដាក់ជាប់ក្នុងឡាន ដើម្បីនៅពេលមន្ដ្រីគយ ធ្វើអនុលោមភាព គាត់បង្ហាញប្រដាសនោះ ថាបានចុះបញ្ជីហើយ។
លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា បើសិនជាមន្ត្រីអគ្គនាយកដ្ឋានគយ ឃាត់រថយន្ត ដើម្បីធ្វើអនុលោមភាព ហើយវាអត់មានក្រដាសនោះ និងអត់មានពន្ធនោះ រថយន្ដនោះ គឺជារថយន្តល្មើស គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបតាមនីតិវិធីច្បាប់ជាធរមាន។
បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានអះអាងថា ការបង្ក្រាប គឺនៅតែធ្វើបន្តទៀត ដែលធ្វើដូចភ្លៀងរលឹម ដោយមិនអាចបន្ធូរបន្ថយដៃបានទេ ជាពិសេសរថយន្តចង្កូតស្ដាំ ដែលមានព្រំដែនដ៏វែងអន្លាយជាមួយប្រទេសថៃ និងមានច្រករបៀងច្រើន ហើយបើសិនជាមិនគ្រប់គ្រងរឹតបន្តឹង ទីផ្សាររថយន្តចង្កូតស្ដាំទេនោះ វានឹងធ្វើឲ្យមានការនាំរថយន្តចង្កូតស្ដាំមកលក់បន្ដទៀត។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា តាមព្រំដែន គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់កម្លាំងបន្ថែម ហើយអគ្គនាយកដ្ឋានគយ ក៏មានបណ្តាញសម្រាប់ ផ្តល់ព័ត៌មានជាហូរហែផងដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការនាំចូលរថយន្ដចង្កួតស្ដាំ ចូលមកប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រថយន្តចង្កូតស្ដាំ ក្នុងរយៈពេល៩ខែ ដែលបង្ក្រាបបាន២៨គ្រឿង គឺមូលហេតុផ្សេងៗ ដោយសារម្ចាស់មិនមកចុះបញ្ជី ដើម្បីបានក្រដាសមួយសន្លឹក ដាក់ជាប់រថយន្ត នៅពេលដែលមន្ត្រីគយត្រួតពិនិត្យ សម្រាប់យកមកបង់ពន្ធនៅពេលក្រោយ។
គូសបញ្ជាក់ថា ការប្រមូលចំណូលចូលថវិកាជាតិ ទាំងយុទ្ធនាការទី១ និងយុទ្ធនាការទី២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ១០០លានដុល្លារ ខណៈចំនួនរថយន្ដសរុប ដែលបានប្រមូលពន្ធអាករ និងបានចុះបញ្ជី មានប្រមាណ១៨,០០០គ្រឿង៕