(ភ្នំពេញ)៖ ការិយាអនុព័ន្ធយោធាអមស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា រួមជាមួយសមាគមជនជាតិឥណ្ឌូនេស៉ី បានរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងឱកាសនៃការ ប្រារព្ធខួបកំណើតលើកទី៧៧ឆ្នាំ នៃការបង្កើតកងទ័ពជាតិឥណ្ឌូនេស៊ី (៥ តុលា ១៩៤៥-៥ តុលា ២០២២)។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ដឹកនាំដោយលោកវរសេនីយ៍ឯក​ Moch Rizal អនុព័ន្ធយោធាឥណ្ឌូនេស៉ី ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីស្ថានទូតឥណ្ឌូនេស៉ី ព្រមទាំងប្រជាជនឥណ្ឌូនេស៉ី ដែលកំពុងរស់នៅប្រទេសកម្ពុជា មួយចំនួនផងដែរ។

ក្នុងឱកាសចូលរួមបរិច្ចាគឈាម ជំនួសមុខឱ្យលោក ស៊ូឌីម៉ាន់ ហាសេង (H.E. Mr. Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា លោក Moch Rizal បានថ្លែងថា ញឹកញាប់ស្ថានទូតឥណ្ឌូនេស៉ី ប្រចាំកម្ពុជា តែងតែរៀបចំការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។

លោក​អនុព័ន្ធ​យោធា​ បានគូសបញ្ជាក់ថា៖ «សម្រាប់ការបិច្ចាគឈាមនេះ គឺធ្វើឡើងមិនមែនតែក្នុងឱកាសពិធីបុណ្យណាមួយរបស់ឥណ្ឌូនេស៉ីនោះទេ ប៉ុន្តែ ប្រសិនបើមន្ទីរពេទ្យនៅកម្ពុជា ត្រូវការឈាមសម្រាប់ជួយ សង្គ្រោះជនរងគ្រោះនោះ សូមផ្តល់ព័ត៌មានជាបន្ទាន់មកកាន់ស្ថានទូត នោះស្ថានទូតនឹងអំពាវនាវដល់ប្រជាជនឥណ្ឌូនេស៉ី ក៏ដូចជាមន្ត្រីស្ថានទូត មកផ្តល់ឈាមជូន ដូច្នេះ ការបរិច្ចាគឈាមនេះមិនមែនតែបុណ្យជាតិតែមួយហ្នឹងទេ»។

ជាការឆ្លើយតប​ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ី ប្រចាំកម្ពុជា ព្រមទាំងអនុព័ន្ធយោធា​ ក៏ដូចជាមន្ត្រីស្ថានទូត និងប្រជាពលរដ្ឋឥណ្ឌូនេស៉ី ដែលបានអញ្ជើញមកបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនាពេលនេះ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌូនេស៉ី នឹងបន្តរក្សាចំណងមិត្តភាពដែលមានជាមួយគ្នាតាំងពីយូរលង់មកហើយនោះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមជម្រាបថា ក្រៅពីការចូលរួមបរិច្ចាគឈាម ការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ក៏បានរៀបចំប្រកួតកីឡាមិត្តភាពជាមួយនឹងបណ្តាអង្គភាពទ័ពចំណុះក្រសួងការពារជាតិ រួមមាន៖ អគ្គបញ្ជាការ,​ កងទ័ពជេីងគោក,​ ជេីងទឹក,​ ជេីងអាកាស​ ព្រមទាំងបញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានកងទ័ពពិសេស, កងពលតូចលេខ៧០, កម្លាំងប៉ូលិសអន្តោប្រវេសន៍ និងបណ្តាអង្គភាពទ័ពមួយចំមួនទៀតផងដែរ៕