(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រការបង្កើតសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា។
ការគាំទ្រនេះធ្វើឡើងនាឱកាសថ្នាក់ដឹកនាំសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជាចំនួន១៧រូប ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីលោករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ លោក អ៉ិត សំហេង បានគាំទ្រចំពោះសមាជិក សមាជិការបស់សមាគមដែលបានរួបរួមគ្នារៀបចំបង្កើតសមាគមនេះឡើងស្របទៅតាមច្បាប់ លក្ខន្តិកៈ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងក្លាយជារចនាសម្ព័ន្ធវិជ្ជាជីវៈនៅប្រទេសកម្ពុជា។ នេះជាការចាប់ផ្តើមមួយដែលល្អ ដើម្បីស្វែងយល់ និងឈានទៅការពារផលប្រយោជន៍របស់សមាជិកខ្លួនផង និងផលប្រយោជន៍របស់កម្មករនិយោជិតផង។
លោករដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពថ្មីៗមួយចំនួនបន្ថែមទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន រួមមានការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៣ និងការដាក់ឲ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោមច្បាប់ស្តីពីការងារ។
លោក Cheng Chin Chun ប្រធានសមាគមបានលើកឡើងថា សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ហៅកាត់ថា ស.ក.ស.អ ត្រូវបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំងចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។
ជាមួយនឹងនេះ សមាគមបានស្នើសុំលោករដ្ឋមន្ត្រី ដើម្បីចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។
ជាមួយនឹងសំណើចង់ចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC លោករដ្ឋមន្ត្រីលើកឡើងថា បើតាមការគោលការណ៍ណែនាំរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រសហគ្រាស ផលិតផលស្បែកជើង និងកាបូប មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួមបង់ភាគទានទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោង ILO-BFC និងក្រុមអធិការកិច្ចរបស់ក្រសួង។
ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបាន គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ មួយវិញទៀត បើសមាជិករបស់សមាគម ត្រូវការឲ្យក្រសួងជួយផ្តល់ប្រឹក្សាទៅលើច្បាប់ និងបទបញ្ញតិផ្សេងៗ ក្រសួងរីករាយនឹងជួយផ្តល់ជូនផងដែរ៕