(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក គុណ ញឹម បានឲ្យដឹងថា លទ្ធផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។
លោក គុណ ញឹម បានថ្លែងឲ្យដឹងថា «លទ្ធផលនៃការប្រមូលពន្ធអាកររយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន ២០២២.២លានដុល្លារ ហើយបើគិតជាភាគរយនៃច្បាប់ថវិកាមានចំនួន ៧៨.៦១ភាគហើយនេះជាតួលេខមួយដ៏ល្អ»។
លោកបន្ដថា អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជាសង្ឃឹមរំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ។
សូមជម្រាបថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩ ២៩៥.៧ ប៊ីលានរៀលស្មើនឹង ២ ២៩៥.២ លានដុល្លារថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕