(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពដ៏មមាញឹក ក្នុងការងារមនុស្សធម៌បម្រើបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ និងតាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានចាត់តាំងសហការី នាំយកអង្ករចំនួន៥តោន មីជាតិចំនួន៣០០ កេស ត្រីខកំប៉ុងចំនួន១០០កេស ទឹកត្រីចំនួន១០០យួរ និងទឹកបរិសុទ្ធចំនួន៣០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ក្នុងវិស័យមនុស្សធម៌នៅពេលនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ពិសេសក្នុងកាលៈទេសៈដែលប្រជាជននិងអតីតយុទ្ឋជនដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំនៅពេលនេះ៕