(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដុតកម្ទេចទូហ្គេមគ្រប់ប្រភេទខុសច្បាប់ ចំនួន១១៧គ្រឿង នៅជិតឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និងលោកវរសេនីយ៍ទោ អោក វីរៈ អធិការរងនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ចំនួនទូហ្គែមទាំងអស់នេះត្រូវបានដកហូត ពីទីតាំងបើកល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងព្រះសីហនុ ក្រោយចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្រុងព្រះសីហនុ រយៈពេល១០ថ្ងៃ។

លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។

យ៉ាងណាមិញកម្លាំងចម្រុះរបស់អាជ្ញាធរក្រុង នូវតែបន្តសកម្មភាពចុះបង្ក្រាបជាបន្តបន្ទាប់ទៀត មិនថាយប់ថ្ងៃ រាល់គ្រប់ប្រភេទនៃល្បែងស៊ីសងដោយមិនឲ្យមានការបង្កប់ និងបើករកស៊ីនូវល្បែងស៊ីសងទាំងនេះទៀតទេ៕