(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក ដោយសារជំនន់ទឹកភ្លៀង ចំនួន១៦៨គ្រួសារ នៅឃុំចំណោម និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសការលំបាកនៃជំងឺកូវីដ១៩ និងការលំបាកនៃជំនន់ទឹកភ្លៀងនាពេលនេះ ដែលតម្រូឱ្យយើងទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយផ្តល់ស្បៀង និងថ្នាំពេទ្យ ព្រមទាំងត្រៀមមធ្យោបាយនានា ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធានប្រុងប្រយ័ត្ន សង្រ្គោះបឋម អនាម័យរក្សាសុខភាព នានា និងត្រៀមលក្ខណៈជួយវិស័យសេដ្ឋកិច្ចគ្រួសារពួកគាត់ពេលទឹកស្រកចុះទៅវិញ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិ និងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំទៅប្រគល់ជូនប្រជាពលរដ្ឋទាំង១៦៨គ្រួសារក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីវអ៊ីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២ម៉ឺនរៀល, ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់ ៥គ្រួសារ ក្នុង១គ្រួសារៗ ថវិកា៥០ម៉ឺនរៀល, នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ កងពលលេខ៥១ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម ថវិកា ៥០ម៉ឺនរៀល, ឧបត្ថម្ភសាលាស្រុក ១លានរៀល, យុវជន ស.ស.យ.ក ១០ម៉ឺនរៀល, ទូកងឈ្មោះមង្គលបូរីមានជ័យបារី នាយកសន្តិភាព ១លានរៀល, ប្រគេនបច្ច័យវត្តចំណោម ១លានរៀល ទឹកត្រី ៣យួរ ទឹកស៊ីវអ៊ីវ ៣យួរ ត្រីខ ៣កេស អង្ករ ១០០គីឡូ និងកុមារតូចៗ ថវិកា១លានរៀលផងដែរ៕