(ភ្នំពេញ)៖ ក្រុមអ្នកនាំចេញអង្កររបស់កម្ពុជា បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះ នៃការនាំចេញអង្កររយៈពេល៣ខែជាប់គ្នា ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៦។ ដោយពួកគាត់យល់ថា នឹងប៉ះពាល់ដល់ឧស្សាហកម្មអង្កររបស់កម្ពុជា ប្រសិនបើរាជរដ្ឋាភិបាល មិនជួយអន្តរាគមន៍ ទាន់ពេលវេលានោះទេ។
អគ្គនាយកក្រុមហ៊ុន Amru Rice លោកឧកញ៉ា សុង សារ៉ន បានប្រាប់អង្គភាព Fresh News ថា បញ្ហាចម្បងដែលនាំឲ្យការនាំចេញអង្ករ ធ្លាក់ចុះ ដោយសារតែរោងម៉ាស៊ីនកិនស្រូវ គ្មានស្តុកស្រូវគ្រប់គ្រាន់ សម្រាប់កិននាំចេញ ហើយរួមផ្សំនឹងការប្រកួតប្រជែងទីផ្សារផងដែរ ដោយតម្លៃអង្ករប្រទេសជិតខាងកម្ពុជា ថោកជាងកម្ពុជា។
លោកថា ទីផ្សារសំខាន់របស់កម្ពុជា មាននៅតែតំបន់អ៊ឺរ៉ុប ខណៈដែលនៅតំបន់អាស៊ីអង្កររបស់កម្ពុជា មិនអាចប្រកួតប្រជែងថៃ និងវៀតណាមបានឡើងយ ដោយសារតែប្រទេសនេះ មានតម្លៃអង្ករថោកជាងកម្ពុជា ពី៥០ទៅ៦០ដុល្លារ ក្នុងមួយតោន។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការណ៍ បន្ទាន់មួយដើម្បីកាត់បន្ថយថ្លៃដើម។ កាត់បន្ថយថ្លៃដើម សំដៅលើកាត់បន្ថយថ្លៃអគ្គិសនី ក្នុងឧស្សាហកម្មស្រូវអង្ករ កាត់បន្ថយថ្លៃដឹកជញ្ជូន និងការបង់ពន្ធជាដើម។ ប្រសិនបើអាចកាត់បន្ថយថ្លៃដើមនេះ បានពី២០ទៅ៣០ដុល្លារក្នុង១តោន នោះអង្កររបស់កម្ពុជា អាចនឹងប្រកួតប្រជែងបានហើយ។
បញ្ហាចម្បងមួយទៀត ក៏ត្រូវបានលោកឧកញ៉ា សុង សារ៉ន លើកឡើងផងដែរ នោះជួបបញ្ហាខ្វះថវិកាទិញស្រូវស្តុកទុក ដែលទាមទារឲ្យរាជរដ្ឋាភិបាលបញ្ចេញ នៅហិរញ្ញប្បទានមួយចំនួន សម្រាប់ឧស្សាហកម្មស្រូវអង្ករ។ លោក ស៊ុង សារ៉ន បានលើកឡើងយ៉ាងដូច្នេះថា «បើតាមស្ថានការណ៍សព្វថ្ងៃ ការនាំចេញអង្កររបស់កម្ពុជា នឹងនៅតែបន្តធ្លាក់ចុះ ចាប់ពីខែនេះរហូតដល់ខែតុលាទៀត ដោយសារតែជារដូវមិនប្រមូលផល»។
ស្រដៀងគ្នានឹងលោក សុង សារ៉ន ដែរអគ្គនាយកក្រុមហ៊ុន Signature Of Asia លោក ចាន់ សុឃាំង បានលើកឡើងថា បញ្ហាធំដែលឲ្យការនាំចេញអង្ករ របស់កម្ពុជាធ្លាក់ចុះ ដោយសារតែបណ្តារោងម៉ាស៊ីនកិនស្រូវ គ្មានថវិកាសម្រាប់ទិញស្រូវស្តុកទុកឲ្យបានច្រើន។ លោកបានលើកឡើងថា ក្រុមការងារបន្ទាន់ដែលរៀបចំឡើង ដោយសហពន្ធស្រូវអង្ករកម្ពុជា កន្លងមកនេះ បានបញ្ជូនសំណើរទៅរាជរដ្ឋាភិបាល ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ដើម្បីអាចទិញស្រូវស្តុកកិននាំចេញ។
សំណើស្នើសុំកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានលោក ចាន់ សុឃាំង ដែលជាសមាជិកមួយរូប នៅក្នុងគណៈកម្មការបន្ទាន់ របស់សហព័ន្ធស្រូវ អង្ករលើកឡើងថា ចែកចេញជាពីរដំណាក់កាល ដោយតំណាក់កាលទី១- ស្នើនូវទំហំទឹកប្រាក់៦០លានដុល្លារ ដើម្បីស្តារឡើងវិញនូវការខាតបង់ របស់រោងម៉ាស៊ីនកិនស្រូវ ដែលខ្លះត្រូវបិទទ្វារ។ ដំណាក់កាលទី២- ស្នើនូវទឹកប្រាក់ ២០០លានដុល្លារ ដើម្បីអនុវត្តន៍បន្ត។
លោក ចាន់ សុឃាំង បានលើកឡើងទៀតថា បើទោះបីជាសំណើរនោះត្រូវ បានបញ្ជូនទៅរាជរដ្ឋាភិបាលហើយក្តី ប៉ុន្តែមិនទាន់មានការឆ្លើយតប អ្វីជាវិជ្ជមានសម្រាប់ឧស្សាហកម្មស្រូវអង្ករនោះឡើយ។
របាយការណ៍ផ្លូវការរបស់ លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះគួរឲ្យបារម្ភ។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានចំនួន ២៣៤,៣២៨តោន ធ្លាក់ចុះ៣,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានចំនួន ២៤៣,០២៥តោន។
អ្វីដែលគួរឲ្យគត់សម្គាល់ទៀតនោះ បើតាមទិន្នន័យដដែល រយៈពេល៣ខែចុងក្រោយ (ខែមិនា មេសា និងឧសភា) ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់៕
លោកឧកញ៉ា សុង សារ៉ន និង លោក ចាន់ សុឃាំង