(ក្រុងរីយ៉ូ)៖ ស្រោមអនាម័យ (Condom) ប្រមាណ ៤៥០,០០០ប្រអប់ នឹងត្រូវធ្វើការចែកជូនដោយមិនគិតថ្លៃ ក្នុងឱកាសការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ដើមខែសីហាខាងមុខ នេះបើយោងតាមគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៅថ្ងៃទី០៧ ខែមិថុនានេះ។
តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានធ្វើការដកស្រង់របាយការណ៍របស់ IOC ថា «ក្នុងចំណោមស្រោម អនាម័យជិតកន្លះលានខាងលើនេះ គឺមានស្រោមអនាម័យសម្រាប់នារី ១០០,០០០ប្រអប់ និងសម្រាប់បុរស ៣៥០,០០០ប្រអប់ បូករួមទាំងទឹករំអិល ១៧៥,០០០ប្រអប់ (Lubricant) ក៏នឹងត្រូវផ្គត់ផ្គង់ផងដែរ ដែលនឹងធ្វើការ ចែកជូនចាប់ពីថ្ងៃទី២៤ ខែកក្កដាតទៅហើយ មុនកីឡាអូឡាំពិកចាប់ផ្តើមជាផ្លូវការថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទីក្រុងធំនៃប្រទេសប្រេស៊ីល Rio de Janeiro លើកទី៣១នេះ»។
IOC បានបញ្ជាក់ថា ការចែកជូនស្រោមអនាម័យដោយមិនគិតថ្លៃនេះ គឺដើម្បីឲ្យអត្តពលិក ១០,៥០០នាក់ បុគ្គលិកផ្សេងៗ និងអ្នកគាំទ្រសម្រាប់ប្រតិបត្តិការផ្លូវភេទ និងជៀសផុតពីការឆ្លងកាមរោគផ្សេង ខណៈដែលប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ កំពុងទទួលរងនូវការរីករាលដាលនៃវីរ៉ុស Zika។
កាសែតក្នុងស្រុករបស់ប្រេស៊ីល ដែលមានឈ្មោះថា Folha de S.Paulo បានផ្សាយថា ស្រោមអនាម័យពី ១០០,០០០ ទៅ ១៥០,០០០ប្រអប់ ត្រូវបានផ្គត់ផ្គង់ក្នុងកីឡាអូឡាំពិក ឆ្នាំ២០០០ នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី ហើយចំនួនស្រោមអនាម័យ ៤៥០,០០០ប្រអប់ខាងលើដែលត្រៀមចែកជូននេះ គឺមានការកើនឡើង ៣ដង បើប្រៀបធៀបនឹង Olympic Games ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយការកើនឡើងនេះ មិនពាក់ ព័ន្ធទៅនឹងវីរ៉ុស Zika នោះទេ៕