(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុក ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងរងគ្រោះដោយទឹកជំនន់នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោកអភិបាលស្រុកស្ទោងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។
លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំឱ្យបានជាក់ស្ដែង ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ម្យ៉ាងទៀតលោកបានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវចេះកៀរគរមូលធិនិនៅក្នុងមូលដ្ឋាន ក៏ដូចជាពីសប្បុរសជនជិតឆ្ងាយក្នុងការថែទាំជួសជុលហេដ្ឋារចនាសម្ព័ន្ធ ត្រូវខូចខាតដោយសារទឹកជំនន់ឲ្យបាឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក។
ជាចុងបញ្ចប់លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នា សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងចាប់ផ្ដើមចុះឈ្មោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ ។
គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង១៧គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបាននូវ អង្ករ០១បេ មីកញ្ចប់០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ។