(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC លិខិតជូនពរលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិ។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបរាបយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិនេះ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម បណ្ឌិត ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្តរជាតិ»។

ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» នេះ ជាកិត្តិយសដ៏ឧត្តុងឧត្តមសម្រាប់ប្រទេសកម្ពុជា និងជាការផ្តល់នូវកិត្តិយសសម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា អ្នកចូលរួមក្នុងចលនាអូឡាំពិកទាំងអស់ ដែលជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកីឡាជាតិ និងចលនាអូឡាំពិកនៅកម្ពុជា។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕