(ព្រះវិហារ)៖ សមាគមទេសចរណ៍ អាសុីប៉ាសុីហ្វិច ប្រចាំប្រទេសកម្ពុជា បានសហការជាមួយសមាគមទេសចរណ៍ខេត្តចំនួន៣ របស់ប្រទេសថៃ គឺខេត្តសុរិន្ទ ខេត្តសុីសាកេត ខេត្តនគររាជសីម៉ា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានគ្នាចុះសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ នៅប្រាសាទព្រះវិហារ រួមគ្នាធ្វើធម្មយាត្រាដើម្បីបេតិកភណ្ឌ ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្ត និងទស្សនាប្រាង្គប្រាសាទព្រះវិហារ ក្រោយមានការស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ១៩។
លោក ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាសុីហ្វិច ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា «រយៈពេល៣ឆ្នាំដែលជំងឺកូវីដ១៩ បានរាតត្បាតជាសកល ធ្វើឱ្យវិស័យនានាទូទាំងពិភពលោកត្រូវបានអាក់ខាន។ ប៉ុន្តែពេលនេះជំងឺកូវីដ១៩ មានការធូរស្បើយ ហើយបានបើកដំណើរការឡើងវិញទូលំទូលាយ ទាំងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ពិសេសប្រជាពលរដ្ឋតាមព្រំដែន នៃប្រទេសទាំង២ អាចចេញ-ចូល ទៅវិញទៅមកបាន ដែលជាពេលវេលាមួយអាចផ្លាស់ប្តូរ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ»។
ប្រធានសមាគមរូបនេះបានបញ្ជាក់ថា «ការជួបជុំនៅថ្ងៃនេះ គឺយើងមកសិក្សានិងរៀបចំផែនការ ដើម្បីប្រារព្វព្រឹត្តិការណ៍មួយនៅថ្ងៃទី២៨-២៩ ខែតុលាឆ្នាំ២០២២ខាងមុខនេះ ហៅថា ធម្មយាត្រាដើម្បីបេតិកភណ្ឌ។ ហើយផែនការនេះមានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរព្រះវិហារ ពីលោកអភិបាលខេត្តព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ពិសេសព្រឹត្តិការណ៍នេះមានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាតែម្តង»។
លោក ធួន សុីណាន បានបន្ថែមថា ព្រឹត្តិការណ៍ «ធម្មយាត្រាដើម្បីបេតិកភណ្ឌ» ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅចុងខែតុលានេះ គឺយើងធ្វើរបៀបកីឡាទេសចរណ៍បែបកម្សាន្ត ដោយរៀបចំធ្វើដំណើរដោយថ្មើរជើង ចេញពីកន្លែងលក់សំបុត្រ ដល់ខ្នងភ្នំប្រាសាទព្រះវិហារ គោបុរៈទី៤ ដែលមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍នេះ លោករំពឹងថានឹងមានអ្នកចូលរួមទាំងថៃ និងកម្ពុជាប្រមាណ ១,៥០០នាក់។
លោកបានបង្ហាញក្តីរំពឹងជឿជាក់ថា ចាប់ពីថ្ងៃរៀបចំព្រឹត្តិការណ៍ធម្មយាត្រាបេតិកភណ្ឌនេះទៅ ទំនាក់ទំនងរវាងថៃ និងកម្ពុជា នឹងមានភាពស្អិតរមួត មានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងថៃ និងកម្ពុជា តាមរយៈវិស័យទេសចរណ៍ ហើយចរន្តនៃភ្ញៀវទេសចរនឹងមានការកើនឡើង ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២ ឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីបេតិកភណ្ឌពិភពលោក យើងដើរដើម្បីមិត្តភាព ដើម្បីសន្តិភាព វិស័យទេសចរណ៍ និងបរិស្ថាន៕