(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន២២៧គ្រួសារ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់ដឹកនាំ ដែលត្រូវចាំបាច់ត្រូវតែរួមគ្នាគិត និងដោះស្រាយ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ឬគ្រួសារណាមួយជួបការលំបាក យេីងបានដឹង មិនដោះស្រាយនោះទេ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកេីតមានឡេីងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ពិសេសត្រូវថែទាំសុខភាព មនុស្សចាស់ និងកុមារ ជាប់ជាប្រចាំ ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯងជាដាច់ខាត ហេីយអាជ្ញាធរដែនដីមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជេីងការជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ ត្រៀមឱសថ ថ្នាំសង្កូវ និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្មពេលទឹកស្រុកចុះទៅវិញ ដេីម្បីសម្រួលការងាររកស៊ីទទួលទាន និងដាំដុះរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ ដេីម្បីសម្រាលនូវការដល់ប្រជាពលរដ្ឋចំនួនសរុប២២៧គ្រួសារ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល, ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម, ក្រុមគ្រូពេទ្យថវិកានៅស្រុកទាំងពីរក្នុងស្រុកៗ២០មុឺនរៀល, ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល, ស្រុកភ្នំស្រុក នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា ៥០មុឺនរៀល និងយុវជនសសយក ថវិកា៣០មុឺនរៀល៕