(ភ្នំពេញ)៖ សមាគមសាលាត្រាជូ បានបើកសម្ពោធ និងបទបង្ហាញពិសេស នៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។
ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានការិយាល័យមេធាវី សុក ស៊ីផាន់ណា, លោកបណ្ឌិត ឆាយ ហុកផេង អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌ នៃក្រសួងយុត្ដិធម៌ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដសាលាត្រាជូ, លោក បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហោ ប៉េង បានផ្ដល់មតិស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ព្រមទាំងកោតសរសើរ និងចូលរួមអបអរសាទរជាមួយស្នាដៃ ព្រឹត្ដិបត្រច្បាប់សាលាត្រាជូរបស់សមាគម រួមជាមួយសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមកជាច្រើនផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត សុក ស៊ីផាន់ណា ក៏បានសម្ដែងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន តំណាងឲ្យអ្នកនិពន្ធ នៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣ ជាមួយការចែករំលែកអំពីបទពិសោធន៍ល្អៗ ចំណេះដឹងក្នុងការសិក្សាស្រាវជ្រាវសម្រាប់ជាទុន នៃការអភិវឌ្ឍសមត្ថភាពឲ្យឈានទៅមុខថែមមួយកម្រិតទៀត ដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយរាល់ស្នាដៃស្រាវជ្រាវ។
ព្រមជាមួយគ្នានេះ លោក ទី ហ្សានិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការយ៉ាងល្អរបស់អ្នកនិពន្ធ សប្បុរសជន និងស្ថាប័នទាំងអស់ដែលជួយគាំទ្រស្នាដៃ ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣នេះ ដែលមានដូចជាស្ថាប័ន ARDB និង RWI និងអំពាវនាវឲ្យមានការបន្ដកិច្ចសហការគាំទ្រនានា ដើម្បីធានានិរន្ដរភាពនៃការបោះផ្សាយស្នាដៃមួយនេះ។
ក្នុងបទបង្ហាញពិសេសចុងក្រោយ លោកបណ្ឌិត ឆាយ ហុក ផេង បានបង្ហាញចំណាប់អារម្មណ៍ និងសេចក្ដីសន្និដ្ឋានបញ្ចប់ ប្រកបដោយអត្ថន័យខ្លឹមសារសំខាន់ៗមួយចំនួនសម្រាប់ជាពុទ្ធិ និងគន្លឹះ ដើម្បីជាប្រយោជន៍ដល់សិស្សនិស្សិត អ្នកប្រកបវិជ្ជាជីវៈ និងសាធារណជនទាំងអស់ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត សម្រាប់ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣នេះ។
សូមបញ្ជាក់ថា សមាគមសាលាត្រាជូ បានសម្រេចបង្កើត និងដាក់ដំណើរការនៃគម្រោងថ្មីស្ដីពី «ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ» ជាលើកដំបូងនៅឆ្នាំ២០២១ ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ ប្រចាំឆមាសនីមួយៗ ឲ្យមានភាពសំបូរបែប ដែលអាចគ្របដណ្ដប់លើវិស័យរដ្ឋ និងវិស័យឯកជន ទាំងច្បាប់ជាតិ និងអន្ដរជាតិ ក៏ដូចជាមែងធាងនានានៃច្បាប់សាធារណៈ និងច្បាប់ឯកជនផងដែរ។
បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការ នៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣រួចរាល់ហើយ សិស្សនិស្សិត អ្នកប្រកបវិជ្ជាជីវៈ និងសាធារណជនទូទៅទាំងអស់ អាចស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ នៅតាមបណ្ណាល័យជាតិ បណ្ណាល័យសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងនៅទីស្នាក់ការសមាគមសាលាត្រាជូ ព្រមទាំងអាចស្វែងរកជាវបាននៅតាមបណ្ណាគារ និងតូបសៀវភៅនានា (ក្រោយសាលាស៊ីសុវត្ថិ) ផងដែរ៕