(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែង លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងសមាជិករបស់លោក២រូបទៀត ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
តាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមន្ត្រីតំណាងក្នុងលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទាំង៣រូបដែលត្រូវបញ្ចប់តំណែងនេះ រួមមាន៖
១៖ លោក គង់ មុនីកា សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី
២៖ លោក អ៉ី មុយលី ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើរដ្ឋមន្តី
៣៖ លោក តុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ការបញ្ចប់សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ការបញ្ចប់តំណែង លោក គង់ មុនីកា បានធ្វើឡើងបន្ទាប់ពី គណបក្សឆន្ទៈខ្មែរ បានប្រកាសចុះចូលជាមួយគណបក្សភ្លើងទៀន៕