(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ អង្គការសហប្រជាជាតិ (UN) បានប្រគល់ថវិកា ៧៥.០០០ដុល្លារអាមេរិក ដល់ ក្រុមគ្រួសារសពព្រិន្ទបាលទោ ចាន់ សំគុណ ដែលបានពលីជីវិត ពេលកំពុងបំពេញបេសកកម្មការងារក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី កាលពីឆ្នាំ២០១៤។
ពិធីប្រគល់ថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងមានការចូលរួមពីលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិផងដែរ។
សូមបញ្ជាក់ថា លោកព្រិន្ទបាលទោ ចាន់ សំគុណ ជាជាងមេកានិក នៃកងអនុសេនាតូចស្ថាបនាទី នៃកងវិស្វកម្មព្រលានយន្តហោះលេខ៨១៩ បានពលីជីវិតកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការសោកស្តាយខ្លាំង ដែលនាយទាហាន និងនាយទាហានរងកម្ពុជា ៤រូប រួមទាំងលោក ចាន់ សំគុណ បានពលីជីវិត និង ៥រូបទៀត រងរបួសក្នុងពេលបំពេញបេសកកម្ម។ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានបង្វែរប្រាក់សំណង ជូនក្រុមគ្រួសារសពព្រិន្ទបាលទោ ចាន់ សំគុណ និងផ្តល់មេដាយ ដើម្បីទុកជាការផ្តល់កិត្តិយស។
ក្រុមគ្រួសារសព បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុក ដាក់ប្រកបដោយក្តីគោរពស្រឡាញ់រាប់អានយ៉ាងជិតស្និទ្ធ ដល់ក្រុមគ្រួសារសព។ ក្រុមគ្រួសារសពប្តេជ្ញាប្រើកញ្ចប់ថវិកា ឲ្យសក្តិសមទៅនឹងកិត្តិយសសព ដែលបានលះបង់បូជាជីវិត ដើម្បីកិត្តិយសកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិ ទុកជាគំរូដល់កូន និងក្រុមគ្រួសារ ព្រមទាំងមនុស្សជាតិជំនាន់ក្រោយ។
ក្នុងពិធីប្រគល់ប្រាក់សំណងនេះ លោក ប្រាក់ សុខុន បានរំលឹកអំពីប្រវត្តិនៃការចូលរួមបេសកកម្ម របស់កងកម្លាំងកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិផងដែរ។ លោកបានបញ្ជាក់ថា ការចាត់បញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរបស់អង្គការសហ ប្រជាជាតិ បានចាប់ផ្ដើមជាមួយសេចក្ដីសម្រេច ខាងនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០០៥ តបទៅនឹងសំណើរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ សុំកម្ពុជាបរិច្ចាគកម្លាំងបោសសម្អាតមីនផ្នែកមនុស្សធម៌នៅប្រទេសស៊ូដង់។
លោក ប្រាក់ សុខុន បានឲ្យដឹងថា រហូតដល់ពេលនេះ កម្លាំងកម្ពុជាចំនួន ៣,៥៥៧នាក់ បានទៅចូលរួមបេសកកម្មរក្សាសន្ដិភាព អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្រិ្វកកណ្ដាល លីបង់ ស៊ីព្រ ស៊ីរី ម៉ាលី ដោយបានផ្ដោតលើជំនាញបោសសម្អាតមីន តម្រួតយោធា ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់បញ្ឈរ និង សំណង់ផ្ដេក ព្រមទាំងជំនាញសេនាធិការ និង សង្កេតការណ៍យោធា។ ក្នុងឆ្នាំ២០១៦ កម្លាំងដែលបំពេញបេសកកម្មចំនួន ៨៨៨នាក់ ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណអាហ្រិ្វកណ្ដាល ហើយនៅល្ងាចនេះ កម្លាំងកងរាជអាវុធហត្ថកម្ពុជា នឹងចេញដំណើរទៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីផ្លាស់ប្តូរវេនប្រចាំឆ្នាំ។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ជាមួយនឹងសមិទ្ធផលទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង១០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ដោយរួមទាំងការកោតសរសើរលើភាពអង់អាចក្លាហាន ការប៉ិនប្រសព្វខាងវិជ្ជាជីវៈ វិន័យ ម៉ឺងមាត់ និងស្មារតីសាមគ្គីផ្ទៃក្នុង និងអន្ដរជាតិ ការទទួលមេដាយ ការទទួលបានការតែងតាំងមុខតំណែងក្នុងការិយាល័យ អមតំបន់បេសកកម្មអង្គការសហប្រជាជាតិ។ល។ កងកម្លាំងកម្ពុជា ក៏មានបញ្ហាប្រឈមជួបការលំបាកមួយចំនួន ដោយសារធាតុអាកាស បរិស្ថាន សង្គម និងសាសនា គ្រោះធម្មជាតិ កង្វះទឹក ជំងឺកាចដូច Ebola គ្រុនចាញ់ ព្រមទាំងប្រឈមនឹងការប៉ះទង្កិច ដោយសារជម្លោះប្រដាប់អាវុធ ជម្លោះនយោបាយ ជម្លោះសាសនា ឬជាតិសាសន៍ និងត្រូវរងការវាយប្រហារ ពីក្រុមឧទ្ទាម ឬពីកងកម្លាំងប្រដាប់អាវុធផ្សេងៗ។ កម្លាំងរបស់កម្ពុជា ក៏ដូចជាកម្លាំងរបស់ប្រទេសនា នាដែលចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពជាមួយគ្នានោះ ត្រូវប្រឈមនឹងជម្លោះដ៏ស្មុគស្មាញបំផុត និងខិតខំការពារជនស៊ីវិល ដែលរងគ្រោះដោយ សារជម្លោះទាំងនោះ៕