(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំ និងក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់សហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ហើយត្រូវរាយការណ៍បន្ទាន់ពេលឃើញមានបទល្មើស ឬសង្ស័យសកម្មភាពល្មើសច្បាប់ណាមួយកើតឡើង ទាំងក្នុងគោលដៅដែលខ្លួនឈរជើង និងគោលដៅផ្សេងៗជាដើម។

ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤២ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «នៅពេលខ្លួនឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា»

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើនូវការងារសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖

*ទី១៖ ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិ ជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ,ក្រមសីលធម៌,ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

*ទី២៖ ភ្នាក់ងារសន្តិសុខឯកជន មិនមែនត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬគ្រឹះស្ថាននានាតែប៉ុណ្ណោះទេ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ។

*ទី៣៖ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។

*ទី៤៖ រួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

*ទី៥៖ នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល) ដោយបញ្ចូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។

*ទី៦៖ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ និងជំរុញឲ្យមានការអភិវឌ្ឍដល់វិស័យឯកជន ដើម្បីរួមចំណែកក្នុងការថែរក្សា សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ លោកក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យលោកជាតំណាង ចូលរួមក្នុងពិធីបិទវគ្គនៅពេលនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤២ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលសិក្ខាកាមចំនួន១៦៩នាក់ (ស្រី៤នាក់) រួមមាន៖ នាយ-នាយរងនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៤នាក់ (ស្រី១នាក់), ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន៥៥ក្រុមហ៊ុន, ភ្នាក់ងារសន្តិសុខឯកជន ចំនួន៦៧នាក់ (ស្រី២នាក់) និងសហគ្រាសគ្រឹះស្ថាន ចំនួន២៤គ្រឹះស្ថាន និងភ្នាក់ងារសន្តិសុខឯកជន ចំនួន៩៨នាក់ (ស្រី១នាក់)។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៤២លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១៦២នាក់ (ស្រី១១នាក់) និងសិក្ខាកាមសរុបចំនួន ៧,៤២៨នាក់ (ស្រី១៧៨នាក់)។

លោកបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕