(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌ បានមកទទួលអំណោយពីព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង រាជាគណៈ (ថ្នាក់ចត្វា) ជាព្រះគ្រូចៅអធិការ វត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្ដាល ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ។
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានសម្តែងនូវក្តីរំភើប ចំពោះទឹកព្រះទ័យនៃព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង រាជាគណៈ (ថ្នាក់ចត្វា) ជាព្រះគ្រូចៅអធិការ វត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្ដា រួមនឹងមន្ត្រីសង្ឃ ដែលបានមូលមតិធ្វើការផ្តល់នូវទេយ្យទានជាច្រើន មកកាន់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅនេះ។
លោកអភិបាលខណ្ឌ បានថ្លែងថា ការផ្តល់ជូននូវគ្រឿងឧបភោគបរិភោគនេះ គឺជាសកម្មភាពមនុស្សធម បង្ហាញនូវការយកចិត្តទុកដាក់រួមចំណែកជួយដល់សង្គម ហើយលោកបានថ្លែងនូវការអរព្រះគុណចំពោះទឹកចិត្តដ៏សប្បុរសនេះ។
លោកអភិបាលខណ្ឌព្រែកព្នៅ បញ្ជាក់ថា ទេយ្យទានរួមនឹងគ្រឿងឧបភោគបរិភោគទាំងឡាយ ដែលផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅនេះ គឺនឹងនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រា ប្រជាពលរដ្ឋរងគ្រោះនានា និងក៏នឹងនាំទៅចែកជូនដល់កងទ័ពឈរជើង តាមបន្ទាត់ព្រំដែនផងដែរ។
គួរបញ្ជាក់ថា ទេយ្យទាន ដែលព្រះចៅអធិការ វត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្ដាល) ប្រគល់ជូន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ នាពេលនេះរួមមាន៖ អង្ករចំនួន២៥០គីឡូក្រាម, ទឹកសុទ្ធ ចំនួន១០កេស, មីចំនួន១០កេស, ទឹកក្រូចចំនួន១០កេស, ទឹកត្រីចំនួន១០យួរ, ទឹកស៉ីអ៉ីវចំនួន១០យួរ, សម្ភារៈប្រើប្រាស់ ចំនួន៧ឈុត និងថវិកាចំនួន២លានរៀល៕