(ភ្នំពេញ)៖ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅម៉ោងជាង១៖៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ទស្សនកិច្ចលើករបស់ នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។
លោក ម៉ារ៉េរ៉ូ គ្រុស ជាអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍គុយបា ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ លោកក្លាយជាមនុស្សដំបូងបំផុតដែលបានកាន់តំណែងនាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៧៦មក បន្ទាប់ពីលោក ហ្វីដែល កាស្ត្រូ៕