(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរស្រុក ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលលិចលង់ដោយសារទឹកជំនន់ មករកទទួលមានសុវត្ថិភាព ឲ្យបានទាន់ពេលវេលា។

ការថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ នៅមិនទាន់មានការថមថយនៅឡើយនោះទេ ដែលបានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃ។ អំណោយដែលត្រូវចែកជូននៅពេលនេះ បានមកពី ក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ការពារខ្លួនកុំឲ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។

ទន្ទឹមនឹងនោះ លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ដែលបានជួយឧបត្ថម្ភនៅថ្នាំពេទ្យ និងក្រុមចលនាស្ត្រីស្រុកប្រាសាទសំបូ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ ជួយឧបត្ថម្ភស្បៀងនៅក្នុងឱកាសនេះ។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌មួយមានតម្លៃណាស់ នៅក្នុងសង្គមជាតិយើង ជួយគ្នាក្នុងគ្រាលំបាក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៣៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ត្រីខ ទឹកបរិសុទ្ធ សៀង ភួយ និងថ្នាំពេទ្យ៕