(ភ្នំពេញ)៖ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដកចេញនូវស្លាកសញ្ញា «ពូថៅដៃ» ចេញពីលើផ្លូវល្បឿនលឿនរួចរាល់ហើយ។ ចំណាត់ការរបស់ក្រសួងនេះ បានធ្វើឡើងក្រោយ ក្រុមហ៊ុនបានដាក់ស្លាកសញ្ញានេះ ចង់សំដៅន័យថា «ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពនៅតាមផ្លូវល្បឿនលឿន» ហើយស្លាកសញ្ញានេះ ត្រូវបានប្រជាពលរដ្ឋយកទៅបង្ហោះតាមបណ្តាញសង្គមបង្ហាញការឆ្លល់យ៉ាងខ្លាំង។
លោក គង់ វិមាន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា «ដោយសារស្លាកសញ្ញា ពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំ និងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននឹងដាក់មិនបានពិភាក្សា ជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ហាមកាប់ឈើ និងកាត់របងការពារសុវត្តិភាពផ្លូវ។ ដោយមានចម្ងល់ជាច្រើន ពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានឲ្យក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ»។
លោក គង់ វិមាន ក៏បានសុំការអធ្យាស្រ័យដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបាន ប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងរឿងពលរដ្ឋលួចកាត់របងលួងនៅសងខាងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមន្ដ្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ បានចុះត្រួតពិនិត្យ និងចុះណែប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ផងដែរ ហើយបើសិននៅបន្តសកម្មភាពទាំងនេះទៀតនោះ នឹងប្រឈមតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕