(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាទៅកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះចាត់វិធានការភ្លាមៗ ក្រោយមានព័ត៌មានទូកជនជាតិវៀតណាម ឆ្លងដែនចូលមកឆក់ត្រីនៅឃុំបាសាក់ ស្រុកស្វាយជ្រំ។
ក្រោយទទួលបានបទបញ្ជាពីអភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ, លោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះចុះល្បាតចល័ត និងត្រួតពិនិត្យដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ ស្រុកកំពង់រោទិ៍ និងព្រំប្រទល់ព្រំដែនជាប់ប្រទេសវៀតណាម។
លោក ហែម សារិទ្ធ បានថ្លែងថា រដ្ឋបាលស្រុកបានរៀបចំកម្លាំងល្បាតដើម្បីឃ្លាំមើលជាប្រចាំនៅទីតាំង ដែលជនជាតិវៀតណាមឆ្លងដែនមកឆក់ត្រីខុសច្បាប់លើព្រំដែនទឹកកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជួបទំនាក់ទំនងជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជុំវិញករណីខាងលើ និងបានសំណូមពរដល់ភាគីខាងវៀតណាម មិនត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងចូល មកនេសាទត្រីខុសច្បាប់នៅទឹកដីឃុំបាសាក់បន្តទៀតនោះឡើយ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី លោកសូមអរគុណប្រជាពលរដ្ឋ និងអ្នកសាព័ត៌មានទាំងអស់ ដែលតែងតែផ្តល់ដំណឹងពីបញ្ហានានាក្នុងមូលដ្ឋាន ដើម្បីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកចាត់វិធានការដោះស្រាយ ទាន់ពេលវេលា ហើយជុំវិញករណីខាងលើជាលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបាន១លើក ដកហូតសម្ភារបានទូកជរ័១គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន១គ្រឿង។ បច្ចុប្បន្នវត្ថតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់៕