(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាប់ពាន់នាក់ បានដាក់ពង្រាយនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរក្សាសុខសុវវត្ថិភាព ជូនថ្នាក់ដឹកនាំ មន្រ្តីកីឡា កីឡាករ និងអ្នកគាំទ្រគ្រប់រូប ក្នុងឱកាសទស្សនាការប្រកួតបាល់ទាត់រវាងកម្ពុជា ប៉ះចិនតៃប៉ិ (Chinese Taipei) នាម៉ោង៧យប់នេះ ក្នុងវគ្គជម្រុះជើងទី២ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ទាំងកម្លាំងអាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍លើផ្ទៃប្រទេស មានខ្ទង់ពាន់នាក់ ដែលសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់អ្នកគាំទ្រដែលអត់សំបុត្រផ្លោះរបង និងអំពើហិង្សាកើតឡើង ក្នុងករណីណាមួយជាយថាហេតុ ស្របពេល សំបុត្រចូលទស្សនាចំនួន ៥ម៉ឺនសំបុត្រត្រូវបានលក់អស់គ្មានសល់ត្រឹម រយៈពេល២ថ្ងៃប៉ុណ្ណោះ (សៅរ៍ និងអាទិត្យ) នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
គិតត្រឹមរសៀលថ្ងៃទី០៧ មិថុនានេះ អ្នកគាំទ្របានមកកាន់ស្តាតអូឡាំពិកបណ្តើរៗហើយ ហើយការពិនិត្យពិត និងក្លែងក្លាយ ក៏កំពុងតែធ្វើឡើងផងដែរ។
សូមបញ្ជាក់ជាថ្មីថា សម្រាប់អ្នកគាំទ្រទាំងឡាយណាដែលគ្មានសំបុត្រ ក៏អាចទស្សនាតាមអេក្រង់ LED ក្នុងស្តាតអូឡាំពិកបានដែរ និងអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ BTV-News នៅគេហដ្ឋាន និងតាមរយៈ Fresh News TV រួមជាមួយ Facebook និង Youtube ទៀតផង៕