(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានប្រគល់ផ្ទះ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនចូលនិវត្តន៍ នៅភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក សៅ ឌុំ អាយុ៧៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ១៩៩៦។
លោកអនុសេនីយ៍ឯក សៅ ឌុំ មានភរិយា និងមានកូនក្នុងបន្ទុកចំនួន៤នាក់ បច្ចុប្បន្នមានជម្រកស្នាក់នៅមិនសមរម្យ។ ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដី និងក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មី១ខ្នង ដែលជាផ្ទះទី២១៣ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ និងត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនក្រុមគ្រួសាររបស់និវត្តន៍ជនបន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវចំនួន ២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា៖ ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។
អតីតយុទ្ធជនសោធននិវត្តន៍រូបនេះ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែពុទ្ធពរទាំង ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕