(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានបន្តក្រើនរម្លឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមានទោចក្រយានយន្ត(ម៉ូតូ) ទំហំស៊ីឡាំងតូចជាង 500cc ឬ 27kW ចុះក្រោម នឹងមិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនជាដាច់ខាត ចៀសវាងបង្ករគ្រោះថ្នាក់។
ក្រសួងសាធារណការ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។
សូមជម្រាបដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែងអ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុតអ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។
ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
* គន្លងផ្លូវសម្រាប់ឈប់បន្ទាន់៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។
ផ្លូវល្បឿនលឿននេះ បានការកំណត់ល្បឿនបើកបរ ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )ដូចជា៖ ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល, ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kW ឡើងទៅ និងល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។
ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
ផ្លូវល្បឿនលឿននេះដែរមានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ៣ , ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦, ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣, ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦, ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤, ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥, ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ១៨២៕