(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលស្វាគមន៍ក្រុមការងារគម្រោង Build4People របស់ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ក្រុមការងារគម្រោង Build4People នេះបានចុះអនុសារណៈកិច្ចសហប្រតិបត្តិការ ជាមួយសាលារាជធានីភ្នំពេញ និងបានសហការជាមួយមហាវិទ្យាល័យ គណិតវិទ្យា វិទ្យាសាស្ដ្រកុំព្យូទ័រ និងវិទ្យាសាស្ដ្រធម្មជាតិ នៃសាកលវិទ្យាល័យហេមបឺក លើការអនុវត្តគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើតគុណភាពការរស់នៅ នៃប្រជាជនទីក្រុងតាមរយៈគម្រោង Build4People។

កិច្ចប្រជុំផ្ដោតលើលើកកម្ពស់គុណភាពនៃជីវិត តាមរយៈការប្រែមុខមាត់នៃគម្រោងទីក្រុង, ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពតាមបែបចម្រុះ, ការកសាងអគារប្រកបដោយចីរភាព ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង និងគម្រោងថាមពលកកើតឡើងវិញនៃរចនាស្ថាបត្យកម្មបន្សាំទៅនឹងអាកាសធាតុ។

គោលបំណងដែលក្រុមការងារគម្រោង Build4People ស្នើសុំជួបពិភាក្សាជាមួយសមាគម គឺដើម្បីស្នើសុំយោបល់ និងអនុសាសន៍ពីការអភិវឌ្ឍន៍លំនៅឋាន ផ្តល់មតិយោបល់ពីការអនុវត្តគម្រោង Build4People លើការអនុវត្តគម្រោងនេះ និងបង្កើនកិច្ចសហប្រតិបត្តការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា៕