(ភ្នំពេញ)៖ លោក ឃួន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានបើកការជំនុំជម្រះលើសំណុំរឿងដែលអង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ចាប់ខ្លួនជនជាប់ចោទចំនួន២រូប មានឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ប៉ុល រ៉ានី ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាបងស្រីបង្កើត។
ជនជាប់ចោទដែលត្រូវជាប្អូនប្រុស ត្រូវអង្គភាពប្រឆាំងអំពើរពុករលួយ ចាប់ខ្លួនពីបទ «ផ្តើមគំនិតក្នុងអំពើរសូកប៉ាន់» ដោយយោងលើបញត្តិច្បាប់មាត្រា២៨ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្តីពីប្រឆាំងអំពើរពុករលួយ។ ចំណែកឈ្មោះ ប៉ុល រ៉ានី អាយុ៤៩ឆ្នាំ ដែលត្រូវជាបងស្រី ត្រូវចាប់ខ្លួនដោយ ACU ពីបទ «សូកប៉ាន់» តាមបញ្ញត្តិមាត្រា ២៨,២៩,៣០ នៃក្រមព្រហ្មទណ្ឌ មាត្រា៦០៥ និងមាត្រា៣២ ច្បាប់ស្តីប្រឆាំងអំពើរពុករលួយ។
នៅក្នុងសវនាការ ស្ត្រីជាប់ចោទជាបង បានសារភាពថា គាត់ពិតជាបានយកលុយសរុបចំនួន១០ម៉ឺនដុល្លារ ទៅប្រគល់ឲ្យដល់ដៃមន្ត្រីនគរបាល នៃមន្ទីរគ្រឿងញៀនប្រាកដមែន គឺនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
នៅចំពោះមុខអង្គសវនាការ ដែលមានលោក វង្ស សាវ៉ាត ជាតំណាងអយ្យការ មានមេធាវី២នាក់របស់ជនជាប់ចោទ ស្ត្រីរូបនេះបានអះអាងទៀតថា លុយ១០ម៉ឺនដុល្លានោះ គាត់បានប្រគល់ទៅឲ្យមន្ត្រីនគរបាលមន្ទីរគ្រឿងញៀន ឈ្មោះ ជា ចំរ៉ុង ហើយប្រគល់នៅក្នុងបន្ទប់មានគ្នា៤ ទៅ៥នាក់។ លុយនោះមានប្រាក់ដុល្លារ ៩៦,០០០ដុល្លារ និងប្រាក់រៀលចំនួន១៦លារៀល) ជាថ្នូរឲ្យដោះលែងប្អូនប្រុសខ្លួនមកវិញ។
ចំណែកជនជាប់ចោទ ប៉ុល ចិត្រា បានឆ្លើយចំពោះមុខអង្គសវនាការដែរថា រូបគេជាប់គុក៥ឆ្នាំ ករណីជួញដូរគ្រឿងញៀនម្តងរួចមកហើយ ហើយពេលនេះត្រូវចាប់ខ្លួនម្តងទៀតពាក់ព័ន្ធគ្រឿងញៀនដដែល ហើយលុយចំនួន១០ម៉ឺនដុល្លារ ដែលខ្លួនសុំទូរស័ព្ទនគរបាលហៅឲ្យបងស្រីយកមក គឺដើម្បីបានរួចខ្លួនប៉ុណ្ណោះ ពេលចេញមកវិញខ្លួនរកសងបងស្រីវិញតាមក្រោយ។
បន្ទាប់ពីសវនាការបានដំណើរការអស់ពេញមួយព្រឹក ចៅក្រមប្រធានក្រុមប្រឹក្សាជំនុះជម្រះ បានលើកយកសំណុំរឿងសូកប៉ាន់នេះ ទៅប្រកាសសាលក្រមនៅថ្ងៃទឺ១១ ខែតុលា ឆ្នាំ២០២២។
សូមរំលឹកថា មានជនសង្ស័យចំនួន៦នាក់ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តត្រង់ចំណុច៤គោលដៅផ្សេងគ្នា។ ក្នុងនោះមានជនសង្ស័យម្នាក់ ឈ្មោះ ប៉ុល ចិត្រា ត្រូវអង្គភាព ACU រកឃើញមានបទល្មើសប្រព្រឹត្តអំពើសូកប៉ាន់៕