(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយា បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
អំណោយនេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ និងលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ យកទៅប្រគល់ជូនគ្រួសាររងគ្រោះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ គ្រាដែលពិនិត្យស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋាន។ អំណោយទាំងនោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួន។
នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សេង ធារិន បានពិនិត្យស្ថានភាពទឹក និងបានណែនាំដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥ ដែលប្រចាំការនៅតំបន់រងគ្រោះ ត្រូវត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ង ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ ជាបន្តបន្ទាប់ដែលបន្តលិចលំនៅដ្ឋានប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ង៉េត ចាន់ថុល ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន តែងតែគិតគួររាល់ការលំបាករបស់ប្រជាពលរដ្ឋ មិនទុកឲ្យប្រជាពលរដ្ឋលំបាកឡើយ។
ទាំងលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន និងលោកឧត្តមសេនីយ៍ សេង ធារិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឲ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៕