(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយព្រះគ្រូចៅអធិការវត្តកោះក្របី, វត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី និងព្រះគ្រូសូត្រស្តាំ វត្តចំពុះក្អែក បាននាំយកអំណោយជាទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២០០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ថ្លែងក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានណែនាំឲ្យអាជ្ញាធរសង្កាត់ព្រែកថ្មី ត្រូវខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋ ដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ។ លោកអភិបាលខណ្ឌ បានដាក់ទិសដៅ ចំនួន៥ចំណុច ដល់មន្ត្រីខណ្ឌ សង្កាត់ ដើម្បីខិតខំប្រឹងប្រែង៖
*ទី១៖ ជំរុញឲ្យមន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន
*ទី២៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់។
ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។
*ទី៣៖ ត្រូវរួមគ្នាខិតខំអនុវត្ត និងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ។
*ទី៤៖ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឲ្យបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាន និងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ។ មួយផ្នែកទៀត ត្រូវណែនាំឲ្យប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ ៣កុំ ៣ការពារ។
*ទី៥៖ ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយដាក់វេនគ្នាប្រចាំការ និងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ។
ចុងក្រោយ លោកអភិបាលបានសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ចាប់ពីពេលនេះតទៅសូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
អំណោយចែកជូនប្រជាពលរដ្ឋ នៅពេលនេះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, ឃីត១កញ្ចប់, ត្រីខ១យួរ, មី៦កញ្ចប់, ទឹកត្រី២ដប, ទឹកស៉ីអ៉ីវ២ដប និងថវិកាមួយចំនួន៕