(ភ្នំពេញ)៖ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា២០២២-២០២៣របស់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២នេះ។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងសិស្សនិស្សិតប្រមាណ៣៧០នាក់។
នាឱកាសនេះ លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍អំពីស្ថានភាពនៃការបណ្តុះបណ្តាលរបស់ វិទ្យាស្ថានទៅកាន់សិស្សនិស្សិតស្របតាមបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ឱកាសឲ្យសិស្សានុសិស្សធ្វើការស្រាវជ្រាវ តាមរយៈការផ្សាភ្ជាប់ទ្រឹស្តី ជាមួយការអនុវត្តផ្ទាល់ និងលើកទឹកចិត្តឲ្យសិស្សនិស្សិតចូលរួមធ្វើការងារស័្មគ្រចិត្តដើម្បីជួយសង្គមជាតិ។
ក្រោយពីស្តាប់នូវរបាយការណ៍រួចមក លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្តល់ឱកាសឲ្យសិស្សនិស្សិតទៅចុះកម្មសិក្សានៅប្រទេសអុីស្រាអែល។
បន្ថែមពីនេះ លោកបានធ្វើការកោតសរសើរចំពោះកិច្ចខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់របស់ប្អូនៗ និស្សិតរហូតដល់ទទួលបានការជ្រើសរើសឱ្យចុះកម្មសិក្សាផងដែរ។ លោកក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលលោកធ្លាប់ជានិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមួយរូបផងដែរ។
លោក ហ៊ុន ម៉ានី បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សា ឲ្យខិតខំក្រេបយកចំណេះវិជ្ជា និងលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានបញ្ចប់កម្មសិក្សាឲ្យយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានបញ្ជូនសិស្សនិស្សិត ទៅបំពេញកម្មសិក្សានៅក្រៅប្រទេសជាច្រើន។ ដោយឡែកទៅប្រទេសអ៉ីស្រាអែល វិទ្យាស្ថានបានបញ្ចូននិស្សិតទៅបំពេញកម្មសិក្សាចាប់តាំងពីឆ្នាំ២០១៦ ដោយបានបញ្ជូននិស្សិតចំនួន ៣៧៨ នាក់រួចមកហើយ៕