(កោះកុង)៖ លោក ព្រហ្ម សុវណ្ណី អធិការស្រុកគីរីសាគរ ខេត្តកោះកុង បានចេញមុខបកស្រាយជុំវិញការចោទប្រកាន់តាមរយៈបណ្តាញសង្គមមួយចំនួនថា ក្នុងមូលដ្ឋាស្រុកនគីរីសាគរ មានល្បែងស៊ីសងខុសច្បាប់ច្រើន ប៉ុន្តែ សមត្ថកិច្ចមិនចុះបង្ក្រាប ព្រមទាំងតម្រូវម្ចាស់ទីតាំងល្បែងទាំងនោះបង់ប្រាក់ដល់សមត្ថកិច្ចជាថ្នូរនឹងការប្រព្រឹត្តល្បែងស៉ីសងខុសច្បាប់ទាំងនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អធិការស្រុកគីរីសាគរ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងតាមបញ្ជាពីលោកស្នងការនគរបាលខេត្ត, លោកបានចាត់កម្លាំងចុះបង្រ្កាបរាល់បទល្មើសទាំងថ្ងៃ និងយប់ដូចភ្លៀងរលឹមទាំងបទល្មើសលើគោក និងលើផ្ទៃសមុទ្រ។
លោក ព្រហ្ម សុវណ្ណី បានបន្តថា «ចំពោះល្បែងស៊ីសងខុសច្បាប់រួមមាន៖ បៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ជល់មាន់ នៅក្នុងស្រុករបស់លោកគ្រប់គ្រងល្អ គឺគ្មានទេ កម្លាំងសមត្ថកិច្ចអធិការស្រុក កម្លាំងប៉ុស្តិ៍មូលដ្ឋានចុះបង្រ្កាប ទាំងអស់មិនថាថ្ងៃ ឬយប់ឡើយ ចាប់តាំងពីរាជរដ្ឋាភិបាលចេញចរាចរណែនាំមកម្ល៉េះ»។
ជាមួយគ្នានេះ អធិការនគរបាលស្រុក បានបន្ថែមថា «ចំពោះការចោទប្រកាន់ថាមានម្ចាស់ទីតាំងបង់លុយជូនលោកដើម្បីជាថ្នូរនឹងការលេងល្បែងស៊ីសងខុសច្បាប់នេះ វាមិនមែនជាការពិតឡើយ។ ទង្វើនេះពួកគាត់ចង់បំផ្លាញកិត្តិសយលោក និងកម្លាំងសមត្ថកិច្ច»។
បន្ថែមពីនេះ លោកអធិការស្រុក បានសង្កត់ធ្ងន់ៗថា តែបើមានមន្ត្រីនគរបាលរូបណាម្នាក់ ទទួលសំណូកពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់មែន ហើយបើកឱ្យម្ចាស់ទីតាំងលេងល្បែងសុីសងខុសច្បាប់ លោកនឹងមានវិន័យ ទៅតាមច្បាប់ របស់អង្គភាពភ្លាមៗ។ លោក ក៏បានប្តេជ្ញា ខិតខំអនុវត្តន៍ការពារភូមិ ឃុំមានសុវត្ថិភាព ដើម្បីការសន្តិសុខ សុវត្ថិភាព និងសណ្តាប់នៅក្នុងមូលដ្ឋានឱ្យបានរឹងមាំបន្ថែមទៀត៕