(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្នុងដំណើរបេសកកម្មនេះ ក៏មានការចូលរួមពី លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ, លោក ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ, លោក ថាំង វីយុទ្ធដា ប្រធានមុខព្រួញខេត្តកណ្តាល និងលោក ហៀង ម៉េង ប្រធានមុខព្រួញខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមមន្រ្តីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។
លោករដ្ឋមន្ដ្រី លឹម គានហោ បានអះអាងថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន៣រួមមាន៖
*ទី១៖ ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការសាងសាង់ប្រមាណ៧០% ដោយបានចូលរួមចំណែកជួយសម្រួលលំហូរទឹកបានយ៉ាងច្រើន បើប្រៀបធៀបស្ថានភាពកម្ពស់ទឹកស្ទឹងដូចគ្នាកាលពីឆ្នាំមុន។
*ទី២៖ ពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្នមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ, បើទោះជាយ៉ាងនេះក្តី ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងគ្រឿងចក្របានប្រចាំការត្រៀម តាំងពីខែសីហា ឆ្នាំ២០២២មកម្លេះ។
*ទី៣៖ ជាសំណូមពររបស់លោកដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅតាមបណ្តោយស្ទឹងក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល មេត្តារក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញ នឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៥,៣០ម៉ែត្រ), កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ម៉ែត្រ (ស្មើកម្ពស់ទំនប់បង្ហៀរ), កម្ពស់ទឹកខាងក្រោយទ្វារ ៥,៤០ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,០០ម៉ែត្រ)។ ស្ថានភាពព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ០,៣០ម៉ែត្រ ធៀបនឹងព្រឹកម្សិលមិញ៕