(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជម្នះប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
ថ្លែងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៉ី (OCA) លើកទី៤១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខនេះ ឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៉ីជម្រៅ»។
សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានាសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យក កាលានុវត្តភាពថ្មីៗដែលកើតចេញ ពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យា ឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីម្សិលមិញ សម្តេចតេជោ បានអះអាងថា រហូតមកដល់ពេលនេះ មនុស្សប្រមាណជាង៩៥ភាគរយ នៅក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងរួចហើយ។ សម្តេចតេជោ បានចាត់ទុកថា នេះជាសមិទ្ធផល ដែលអនុញ្ញាតឱ្យកម្ពុជាអាចរៀបចំការជួបជុំឡើងវិញ នៅឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សុខសន្តិភាព និងភាពជោគជ័យនេះបង្កលក្ខណៈអំណោយផលដល់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ក៏ដូចជាការជួបជុំមហាគ្រួសារក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ប្រទេស នាពេលនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ ក៏បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។
គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៧,៩១១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវកា រពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ដោយបន្ថែមថា៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៧,៣១៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៧០២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,៣៧០នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៩៥៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧០,៥៦៧នាក់។
ដោយឡែក សម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៩៤,១៣៧នាក់, ដូសទី៤ចំនួន ៤,៣៣៥,០៨០នាក់ និងដូសទី៥ចំនួន ៨៨៥,២៧៨នាក់៕