(ព្រះសីហនុ)៖ ក្រោមដំបូលសន្តិភាពនៅកម្ពុជា បន្ទាប់ពីបានបញ្ចប់នូវភ្លើងសង្រ្គាមទាំងស្រុង ទើបរយៈពេលជិត២០ឆ្នាំមកនេះ កម្ពុជា បានទាក់ទាញអ្នកវិនិយោគជាច្រើន មករកស៊ីនៅកម្ពុជា ជាពិសេសគឺឧស្សាហកម្មកាត់ដែរ ដែលបានផ្តល់ការងារជាច្រើនជូនពលរដ្ឋកម្ពុជា ជា មួយប្រាក់ខែសមរម្យ។ ឆ្លើយតបទៅនឹងអ្វី ដែលកម្ពុជាកំពុងទទួលបានពីពន្លឺ នៃសន្តិភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចោទសួរទៅកម្មករ កម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុថា តើពួកគេអនុញ្ញាតឲ្យសម្តេចបន្តធ្វើការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិកម្ពុជាទៀតឬយ៉ាងណា?
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការ ក្រុមហ៊ុនវិនិយោគចំនួន១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលប្រាក់ឈ្នួលទាបបំផុត ១៤០ដុល្លារ ហើយមានកម្មករខ្លះទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ ៥០០ដុល្លារ។ ជាមួយការសង្កេតឃើញ កូនខ្មែរអាចធ្វើការងារជាមួយប្រាក់ឈ្នួលខ្ពស់ ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារគេបែបនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅ ពួកគេថា តើពួកគេឲ្យសម្តេចបន្តអនុវត្តនូវការថែរក្សាសន្តិភាព និងទាក់ទាញការវិនិយោគពីប្រទេសចិនបែបនេះទៀត ឬយ៉ាងណា?
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងចោទជាសំណួរយ៉ាងដូច្នេះ «អ៉ីចឹងទេក្មួយៗទាំងឡាយដែលជាកម្មករ កម្មការិនី តើឲ្យពូក្នុងឋានៈជានាយក រដ្ឋមន្រ្តី ធ្វើកិច្ចការនេះទៀតឬអត់? ទី១. ការស្វែងរកសន្តិភាព ដើម្បីរំដោះប្រទេស ហើយក៏យកជីវិតធ្វើដើមទុន ដើម្បីអនុវត្តនយោបាយឈ្នះ ឈ្នះ បង្កើតឡើងនូវសន្តិភាពសម្រាប់ប្រទេស»។ សម្តេចបន្តថា «គណបក្សប្រជាជន ហើយពូ មេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំសំខាន់ៗ ធ្វើនេះវាសមស្របទៅហ្នឹងបំណងប្រាថ្នារបស់ប្រជាជាតិកម្ពុជាដែរឬទេ ក្នុងការបញ្ចប់របបប៉ុលពតនិងឈានទៅបញ្ចប់សង្រ្គាមនាំមកនូវ សន្តិភាពសម្រាប់ប្រទេសជាតិ ហើយតើពូទាក់ ទាញយករោងចក្រពីប្រទេសចិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ វាជាការត្រឹមត្រូវ ឬជាការខុស?»។
សម្តេចតេជោ បានបញ្ជាក់ប្រាប់កម្មករថា សន្តិភាពតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជានោះឡើយ គឺចាំបាច់ធ្វើការអភិវឌ្ឍប្រទេស តាមរយៈការទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានអំពាវនាវដល់កម្មករ កម្មការិនី រួមគ្នា ការពាររោងចក្រ ដែលជាឆ្នាំងបាយរបស់ពួកគេ ដោយមិនត្រូវធ្វើសកម្មភាពចលាចលណាមួយនោះឡើយ។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍទៅមុខបន្តទៀត ពោលសម្តេចមិនអនុញ្ញាតឲ្យក្រុមណាមួយ មកធ្វើសកម្មភាពចលាចល បំផ្លាញសុខសន្តិភាពនៅកម្ពុជា ដែលរកបានមកដោយលំបាកនេះឡើយ៕