(តូក្យូ)៖ ក្មេងប្រុសជនជាតិជប៉ុនមួយរូប ដែលត្រូវបានឪពុកម្តាយយកទៅបំបរបង់ចោលជាការគំរាម ហើយបានបាត់ខ្លួនរយៈពេល ៦ថ្ងៃ និងទើបត្រូវបានប៉ូលិសរកឃើញកាលពីសប្តាហ៍មុននេះ បានយល់ ព្រមលើកលែងទោសកំហុសដល់ឪពុកម្តាយរបស់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។
ឪពុករបស់ក្មេងប្រុសអាយុ ០៧ឆ្នាំខាងលើនេះ គឺលោក Takayuki Tanooka អាយុ ៤៤ និងភរិយា បានយកកូនប្រុស ឈ្មោះ Yamato ទៅចោលនៅតាមចិញ្ចើមផ្លូវ នៅលើកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ បន្ទាប់ពីបានគិតថា ការដាក់ទោសកូនរបស់ខ្លួនរួចរាល់ ពួកគេក៏ត្រឡប់មកយកកូនវិញ តែ Yamato បានបាត់ខ្លួនទៅហើយ។ ក្រោយពីការខិតខំស្វែងរកជិតមួយ សប្តាហ៍ទើបដឹងថា ក្មេងនោះបានស្នាក់នៅក្នុងមូលដ្ឋានយោធាក្នុងតំបន់។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ឪពុកឈ្មោះ Takayuki រូបនេះបាននិយាយថា «គេព្រមលើកលែង ឲ្យខ្ញុំហើយ។ ខ្ញុំនិយាយទៅកាន់រូបគេថា ប៉ាឲ្យកូនទៅ ព្រោះគិតថាមួយភ្លែតទេ, ប៉ុន្តែ... ឲ្យប៉ាសូមទោស។ បន្ទាប់មកកូនរបស់ខ្ញុំបាននិយាយថា ប៉ាជាប៉ាដ៏ល្អ។ កូនលើកលែងទោសឲ្យប៉ា»។
គួរបញ្ជាក់ថា បើទោះបីជារឿងរ៉ាវហាក់បានប្រសើរឡើងវិញមែន ប៉ុន្តែបញ្ហានេះបានជះឥទ្ធិពលដល់ សង្គមជប៉ុនជាខ្លាំង ដោយតាមរយៈមតិសង្គម មានការបញ្ចេញយោបល់ខុសៗគ្នា ប៉ុន្តែភាគច្រើន បានរិះគន់ចំពោះភាពមិនទទួលខុសត្រូវរបស់ឪពុកម្តាយ និង ការស្រឡាញ់ឯករាជ្យភាពជ្រុលពេក របស់មនុស្សជំនាន់ថ្មីដែលនាំឲ្យប្រជាជនជប៉ុន កាន់តែច្រើនមិនសូវខ្វាយខ្វល់ពីការបង្កកំណើតទៀត៕