(អ៉ីស្តង់ប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីវាយប្រហារដោយគ្រាប់បែក មកលើរថយន្តប៉ូលិសនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅមុននេះបន្តិច។
ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា មានករណីវាយប្រហារដោយគ្រាប់បែកមួយមកលើរថយន្តប៉ូលិសនៅក្នុងតំបន់ Vezneciler ស្ថិតនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ជាទីកន្លែងដែលសម្បូរដោយសកលវិទ្យាល័យ និងតំបន់ទេសចរណ៍ ជាពិសេសគឺការវាយប្រហារនេះ បានធ្វើឡើងនៅពេលព្រឹក ជាម៉ោងដែលមមាញឹក។
គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារនេះ គេនៅមិនទាន់ដឹងច្បាស់ថា ជាទង្វើរបស់ក្រុមណានោះទេ ប៉ុន្តែអាជ្ញាធរអ៉ីស្តង់ប៊ុល បានសន្និដ្ឋានជាជំហានដំបូងថា អាចជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធឃើដ៕