(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤ ៣២២គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។
ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។
ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។
សូមជម្រាបថា នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន មានយានយន្តជិត ៩.០០០ គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី។
គួរបញ្ជាក់ផងដែរថា ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕