(បាត់ដំបង)៖ ប្រធានថ្មីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូន (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ដោយតែងតាំងលោក ខុង យ៉ាត់លួង ជំនួសលោក នាង ច័ន្ទថារ៉ា ដែលត្រូវបានផ្ទេរមកជាអភិបាលស្រុកសង្កែវិញ។

ពិធីប្រកាសឱ្យចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ។

យោងតាមប្រកាសស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ របស់ក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្ដូរលោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៥ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ចាស់ ត្រូវបានផ្ទេរភាកិច្ចមកជាអភិបាលស្រុកសង្កែ ខណៈអភិបាលស្រុកចាស់បានចូលនិវត្តន៍៕