(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានប្រកាសបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចុះយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលខាងលើតាមរយៈគេហទំព័រ https://asean2022.inb.gov.kh ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
អ្នកសារព័ត៌មានត្រូវរៀបចំ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១៖ រូបថត៤ x ៦ ក្នុងទម្រង់ (.jpg) ចំនួន០១សន្លឹក (ផ្ទៃពណ៌ស)
២៖ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
៣៖ បណ្ណសារព័ត៌មានមានសុពលភាព (ចេញដោយអង្គភាពព័ត៌មាន ឬក្រសួងព័ត៌មាន)
៤៖ លិខិតបញ្ជាបេសកកម្ម
៥៖ កាត ឬលិខិតបញ្ជាក់វ៉ាក់សាំងជំងឺកូវីដ-១៩។
អ្នកសារព័ត៌មានដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទទួលបានការឯកភាពឱ្យចូលរួមចុះយកព័ត៌មានតូវមកទទួលបណ្ណសារព័ត៌មាន នៅមណ្ឌលព័ត៌មានដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៨។
សូមជម្រាបថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២៕