(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកា តាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ប្រចាំឆ្នាំ២០២២ ជូនដល់យោធិនចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៥០នាក់។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងយោធាចារ្យ និងសិក្ខាកាមយ៉ាងច្រើនផងដែរ។
របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ទោ សុខ ភុនសំបូរ សេនាធិការរង នាយការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោកបានឱ្យដឹងថា តាមសច្ចាប័នលេខ ០១០/២០២២/ផ.ក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ របស់មេបញ្ជាការកងទ័ពជើងគោក ស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោកឆ្នាំ២០២២ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២ ជូននាយទាហាន នាយទាហានរង និងលទាហានបញ្ជាការដ្ឋានកងទ័ពជើងគោក។
ចំពោះវគ្គបំប៉នជំនាញហិរញ្ញវត្ថុ កងទ័ពជើងគោក ឆ្នាំ២០២២នេះ សិក្សារយៈពេល៣១ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៥៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ៥នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ សិក្សាខ្លឹមសារមេរៀនរួមមាន៖ អប់រំចិត្តសាស្ត្រ គ្រប់គ្រងបើកចែក និងគណនេយ្យ។
ឧត្តមសេនីយ៍ឯក កែន តារា បានចាត់ទុកថា ដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ កងទ័ពជើងគោក ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក លើជំនាញហិរញ្ញវត្ថុ រួមចំណែកការលើកកម្ពស់ និងពង្រឹងមូលដ្ឋានសមត្ថភាព យល់ដឹងឱ្យបានច្បាស់លាស់ មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារជំនាញហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់ការយល់ដឹង កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងតួនាទីភារកិច្ចរបស់ការងារហិរញ្ញវត្ថុ ក្នុងការបម្រើឱ្យអង្គភាពទ័ពទាំងមូល។
ឧត្តមសេនីយ៍ឯក កែន តារា បានបន្ថែមទៀតថា ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាសេនាធិការឱ្យមេបញ្ជាការកងទ័ពជើងគោក ក្នុងការដឹកនាំចាត់ចែង ការគ្រប់គ្រង បើកចែក កសាងផែនការតម្រូវការថវិកា និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ស្វែងរកយន្តការ ដំណោះស្រាយ លើកកម្ពស់ការងារហិរញ្ញវត្ថុ ធានាបើកផ្តល់ថវិកា ទាន់ពេលវេលាជូនកងទ័ពក្នុងការបំពេញភារកិច្ចយោធា និងកិច្ចការពារជាតិ ពិសេសតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឱ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឱ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមងាយយល់សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ៕