(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០២ ដល់​ឆ្នាំ២០២២នេះ កិច្ចសហការរុករកអដ្ឋិធាតុកងទ័ពប្រជាជនវៀតណាម នៅក្នុងប្រទេសកម្ពុជា បានរកឃើញអដ្ឋិធាតុសរុប ២៣.០៧៤ធាតុ ដែលអដ្ឋិធាតុទាំងនោះ ត្រូវបានរកឃើញដោយ ៦យោធភូមិភាគ។

លោកបានអះអាងថា យោធភូមិភាគទាំង៦នោះ រួមមាន យោធភូមិភាគពិសេស រកឃើញ ២០០៧ធាតុ យោធភូមិភាគទី១ រកឃើញ២២៤១ធាតុ យោធភូមិភាគទី២ រកឃើញ ៨១៥៣ធាតុ យោធភូមិទី៣ រកឃើញ ៤១៧១ធាតុ យោធភូមិភាគទី៤ រកឃើញ២៧៩៤ធាតុ យោធភូមិភាគទី៥ រកឃើញ៣៧០៨ធាតុ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានរកឃើញ រហូតដល់ពេលនេះ អដ្ឋិធាតុកងទ័ពប្រជាជនវៀតណាម ជាបន្តបន្ទាប់ត្រូវបានភាគីកម្ពុជា ប្រគល់ជូនភាគីវៀតណាមផងដែរ៕