(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានទទួលអំណោយពីសប្បុរសជននូវថវិកា ៨,៤០០ ដុល្លារ សម្រាប់ទុកប្រើប្រាស់កិច្ចការមនុស្សធម៌។

បន្ទាប់ពីកិច្ចស្វាគមន៍ និងជួបសំណេះសំណាលជាមួយសប្បុរសជន នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ស៊ាង សុភ័ស្ត និងលោកស្រី ណូ ស្រីទូច ដែលបានឧបត្ថម្ភថវិកាចំនួន៤,២០០ដុល្លារ និងតំណាងក្រុមហ៊ុន ថ្នាំលាប JOTUNCAMBODIA LTD ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ដុល្លារ អបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គណៈកម្មាធិការសាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕