(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងបរិស្ថាន។
តាងនាមឱ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ បានបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាល ទី៦ នៃរដ្ឋសភា ដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូលបានជ្រាបអំពីបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្តំចំនួន០៥ គឺទី១៖ កិច្ចគាំពារបរិស្ថាន, ទី២៖ កិច្ចការពារជីវៈចម្រុះ, ទី៣៖ ការរស់នៅដោយចីរភាព, ទី៤៖ រដ្ឋបាលទំនើប និងទី៥៖ ការអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះ លោក រ័ត្ន វិរៈ បានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននឹងកំពុងបន្តការធ្វើទំនើបកម្ម ស្ថាប័ន កែសម្រួល របៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រង ហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាច និងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ឮ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពមន្រ្តីរាជការ។ បច្ចុប្បន្ន ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកយ៉ាងខ្លាំងក្នុងបន្តការពង្រឹងក្របខណ្ឌច្បាប់ក្នុងវិស័យបរិស្ថាន ដោយបាននឹងកំពុងជំរុញការងាររៀបចំកែសម្រួល និងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា «ក្រមបរិស្ថាន និងធនធានធម្មជាតិ» រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ទេសចរណ៍ធម្មជាតិត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។
ទន្ទឹមនឹងនេះដែរ លោក រ័ត្ន វិរៈ បានបន្ថែមថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានបង្កើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលដុលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំ ហើយក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាន នាក់ ហើយនឹងបង្កើនចំណូលបានជាង ៥,០០០លានដុល្លារ ហើយបង្កើតការងារបានប្រហែល១លានកន្លែង។
បើតាមលោកស្រី Salimata D. Follea បានថ្លែងថា ការខិតខំប្រឹងរបស់ក្រសួងបរិស្ថាន ជាបន្តបន្ទាប់ ក្នុងការកែលម្អតំបន់ការពារ និងសហគមន៍មូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដែលជាការចង់បានរបស់ធនាគារពិភពលោក។ សម្រាប់ដាក់អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ជារឿងមួយដ៏សំខាន់ ព្រមទាំងទទួលបានការកោតសសើរយ៉ាងខ្លាំង។
តំណាងធនាគារពិភពលោករូបនេះ បានបន្តថា គម្រោងនេះនឹងអនុវត្តដោយជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ធនធានធម្មជាតិ ព្រមទាំងសហគមន៍មូដ្ឋាន ដែលបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។
លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានលើកឡើងថា បច្ចុប្បន្ន តាមរយៈកិច្ចខិតខំរួមគ្នានេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈរបាយការណ៍ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា មានប្រជាជនកម្ពុជាជាច្រើនបានទៅលេងកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ហៅថា «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។
ហើយថ្មីៗនេះ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ ក្រោមប្រធានបទ «ការគិតគូឡើងវិញពីទេសចរណ៍» ដោយកម្ពុជាត្រូវបានទទួលស្គាល់ជាទេសចរណ៍សុវត្ថិភាព នៃបៃតង ដែលការណ៍នេះកម្ពុជា បាននឹងកំពុងទទួលនូវកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ហើយរំពឹងថាឆ្នាំ២០២២ នេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៥លាននាក់ ទៅ២លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦៕